ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភានេប៉ាល់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភានេប៉ាល់
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/22/2022 3:53:21 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្កាណែស ប្រាសាដ ទីមីលស៊ីណា ប្រធានសហភាពសភានេប៉ាល់ នាល្ងាចថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា។

ឯកឧត្តម ហ្កាណែស ប្រាសាដ ទីមីលស៊ីណា បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានគំាទ្រដល់ រដ្ឋសភានេប៉ាល់ ក្លាយជាសភាសង្កេតការណ៍ នៅក្នុងមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣។ ការក្លាយជាសភាសង្កេតការណ៍នេះ មិនត្រឹមពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងនេប៉ាល់ប៉ុណ្ណោះទេ តែបានធ្វើឱ្យសភានេប៉ាល់មានឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសមាជិសភាដទៃរបស់អាយប៉ាផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភា បានស្នើសូម សម្តេចជួយជំរុញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ អោយកាន់តែរឹងមាំឡើង ពិសេសលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍។

ឯកឧត្តមបានលើកឡើងថា កម្ពុជានិងនេប៉ាល់ បានចុះកិច្ចព្រមព្រៀង ហោះត្រង់ជាមួយគ្នាកាលពីឆ្នាំ២០១៨ ហើយសង្ឃឹមថា កិច្ចព្រមព្រៀងនោះនឹងបានអនុវត្តក្នុងពេលឆាប់ៗ ដើម្បីបើកឱកាសដល់ប្រទេសទំាងពីរទទួលបានផលប្រយោជន៍ទៅវិញទៅមក ពិសេសពី   វិស័យទេសចរណ៍ ដោយសារកម្ពុជា និងនេប៉ាល់មានពលរដ្ឋភាគច្រើនកាន់សាសនាព្រះពុទ្ធដូចគ្នា។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់ ក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅប្រទេសនេប៉ាល់ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កម្ពុជា-នេប៉ាល់ មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរណាស់មកហើយ ពោលគឺតាំងពីដើមទសវត្សរ៍ឆ្នាំ៦០ ក្នុងរបបសង្គមរាស្រ្តនិយម ហើយក៏បានអាក់ខាន ក្នុងអំឡុងពេលប្រទេសកម្ពុជា ធ្លាក់ក្នុងគ្រោះមហន្តរាយដោយសង្រ្គាម និងរបបប្រល័យពូជសាសន៍។ ក្រោយមកទំនាក់ទំនងការទូតនេះ បានភ្ជាប់ឡើងវិញ ក្នុងឆ្នាំ១៩៩៩ ហើយទំនាក់ទំនងនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

សម្តេច ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងការអភិវឌ្ឍ រីកចម្រើនដ៏គួរឱ្យកត់សម្គាល់របស់នេប៉ាល់ ដែលបានធ្វើឱ្យសេដ្ឋកិច្ចសង្គមរីកចម្រើនជាលំដាប់ ហើយជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ សម្តេចមានមោទកភាព ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់ បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ អោយកាន់តែប្រសើរ និងរឹងមាំថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាដើម៕