សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ផ្លូវការជាលើកដំបូង នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលបាននឹងកំពុង ប្រព្រឹត្តទៅក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន” នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានមានប្រសាសន៍រំលេចពីភាពសំខាន់ ក្នុងការផ្សារភ្ជាប់ប្រជាជនវ័យក្មេង អាស៊ាននៅក្នុងអភិក្រមសហគមន៍ទាំងមូល ដើម្បីឱ្យពួកគេអាចយល់អំពីភាពខ្លាំង និងកាលានុវត្តភាព ដែលអាស៊ានផ្តល់ឱ្យ និងប្រើប្រាស់កាលានុវត្តភាពទាំងនោះ ស្របតាមតម្រូវការរបស់ពួកគេ។ ទន្ទឹមនេះ សម្តេចប្រធាន ក៏បានគូសបញ្ជាក់ថា ការផ្សារភ្ជាប់ប្រជាជនវ័យក្មេងអាស៊ាននេះ គឺមិនត្រឹមតែដើម្បីជាប្រយោជន៍ដល់ ប្រជាជនវ័យក្មេងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជាប្រយោជន៍ ដល់សហគមន៍ ទាំងមូល ឱ្យកាន់តែមានស្ថិរភាពនិងសន្តិភាពផ្នែកនយោបាយ សមាហរណកម្មនិងវិបុលភាពផ្នែកសេដ្ឋកិច្ច ក៏ដូចជាទំនួលខុសត្រូវ និងភាពជិតស្និទ្ធផ្នែកសង្គម ដោយក្នុងនោះប្រជាជនវ័យក្មេងដើរតួជាកម្លាំងចលករដ៏សំខាន់មួយ។
ក្នុងឱកាសដ៏ពិសេសនេះដែរ សម្តេចពញាចក្រី ហេង សំរិន បានសម្តែងការគាំទ្រ និងលើកសរសើពីគំនិតផ្តួចផ្តើមឱ្យមានកិច្ចប្រជុំ YPA នៅក្នុងក្របខ័ណ្ឌ នៃមហាសន្និបាតអាយប៉ា ដែលនឹងជំរុញដល់ការបង្កើតទំនាក់ទំនងរវាងយុវជន និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ឆ្លើយតបនូវការលើកម្ពស់សន្តិភាព ការរីកចម្រើន ការអភិវឌ្ឍដោយចីរភាព ភាពធន់ និងការសម្រេចបានចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ជាដើម។
កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) នាពេលនេះ បានរៀបចំឡើងក្នុងគោលបំណង ៖ (១) បង្កើតទំនាក់ទំនងរវាងប្រជាជនវ័យក្មេង និងអ្នកធ្វើសេចក្ដីសម្រេចចិត្ត សម្រាប់ការលើកកម្ពស់សន្តិភាព និងសន្តិសុខប្រកបដោយចីរភាព ជាពិសេសសម្រាប់អាស៊ាន ដែលតែងតែ ជាចំណុចកណ្តាលនៃការប្រកួតប្រជែងអំណាចរវាងមហាអំណាចធំៗ (២) កសាងយុវជនអាស៊ានដែលត្រៀមខ្លួនរួចរាល់សម្រាប់អនាគត ដែលមានភាព ពាក់ព័ន្ធឆ្លងវិស័យ រួមមាននយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីទាញយកសក្តានុពេល និងចាប់យកអត្ថប្រយោជន៍ ពីសហគមន៍ អាស៊ានដែលរីកចម្រើន (៣) បង្កើតបណ្តាញទំនាក់ទំនងក្នុងចំណោមសមាជិកសភាវ័យក្មេងនៃអាស៊ាន ក៏ដូចជាក្នុងចំណោមប្រជាជនវ័យក្មេងអាស៊ាន ឆ្ពោះទៅសហគមន៍អាស៊ានមួយដែលប្រកបដោយភាពរស់រវើក ភាពធន់ និងវិបុលភាព (៤) ពង្រឹងបន្ថែមនូវតួនាទីស្នូល និងយុទ្ធសាស្រ្ដ របស់អាស៊ានក្នុងការកសាង និងសម្រួចនិម្មាបនកម្មតំបន់នៅអាស៊ីអាគ្នេយ៍ និងតំបន់ដែលលាតសន្ធឹងធំជាងនេះ ស្របតាមស្មារតីចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ និង(៥) បន្តធ្វើការលើក្របខណ្ឌដែលបានបង្កើតឡើងរួចជាស្រេច និងបង្កើតលំហថ្មីបន្ថែមទៀត ដើម្បីឱ្យប្រជាជនវ័យក្មេងចូលរួម និងប្រាស្រ័យទាក់ទងគ្នាកាន់តែមានអត្ថន័យបន្ថែមទៀត។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ានាពេលនេះ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានដឹកនាំកិច្ចប្រជុំ និងមាន គណៈប្រតិភូសមាជិកសភាវ័យក្មេងនៃបណ្តាប្រទេសសមាជិកអាយប៉ា ចូលរួមចំនួន៨ប្រទេស រួមមានមកពីប្រទេសព្រុយណេដារូស្សាឡាម ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងព្រះរាជាណាចក្រកម្ពុជា ៕



























