ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ បានអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការចំនួន៦ និងប្រគល់ទង់ជាសភាសង្កេតការណ៍ដល់សភាជាដៃគូចំនួន៣
សម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ បានអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការចំនួន៦ និងប្រគល់ទង់ជាសភាសង្កេតការណ៍ដល់សភាជាដៃគូចំនួន៣
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/22/2022 8:58:53 PM )

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលបានរៀបចំឡើងក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់ របស់អាស៊ាន» បានបើកសម័យប្រជុំពេញអង្គលើកទី២ នៅថ្ងៃទី២៣ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានអនុម័តលើរបាយការណ៍ នៃគណៈកម្មាធិការជំនាញរបស់អាយប៉ាចំនួន៦  និងបានប្រគល់ទង់កិត្តិយសជាសភាសង្កេតការណ៍ដល់សភានៃប្រទេសជាដៃគូចំនួន៣។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន លើកទី៤៣ បានអញ្ជើញដឹកនាំ សម័យប្រជុំ ពេញអង្គលើកទី២ នៃមហាសន្និបាត អាយប៉ាលើកទី៤៣ នេះ ជាមួយនឹងវត្តមានចូលរួមរបស់គណៈប្រតិភូសភានៃប្រទេសសមាជិកអាស៊ានចំនួន៨ ប្រទេស រួមមាន សភាព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ  ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

នៅក្នុងសម័យប្រជុំនាពេលនេះ មានការធ្វើបទបង្ហាញពីរបាយការណ៍កិច្ចប្រជុំ ដោយគណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា គណៈកម្មាធិការ សមាជិកសភាវ័យក្មេងអាយប៉ា គណៈកម្មាធិការនយោបាយអាយប៉ា គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា គណៈកម្មាធិការសង្គមកិច្ចអាយប៉ា និង គណៈកម្មាធិការរៀបចំអាយប៉ា ដោយសម័យប្រជុំពេញអង្គលើកទី២នេះ បានធ្វើការអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការជំនាញទាំង៦នេះ ផងដែរ ។

សេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការជំនាញអាយប៉ាទាំង៦ គឺ ត្រូវបានគណៈកម្មាធិការនីមួយៗ បានធ្វើការពិភាក្សា នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការរៀងៗខ្លួន កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២២ កន្លងមក។

សម័យប្រជុំ ក៏បានរៀបចំពិធីប្រគល់ទង់កិត្តិយស ជាសភាសង្កេតការណ៍របស់អាយប៉ា ជូនដល់សភានេប៉ាល់ សភាអាស៊ែបៃហ្សង់ និងសភា សហរដ្ឋអាមេរិក ដែលបានក្លាយជាសភាសង្កេតការណ៍របស់អាយប៉ា ចាប់តាំងពីមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣នេះតទៅ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអង្គប្រជុំ បានមានប្រសាសន៍លើកឡើងពីសារសំខាន់និងតួនាទីនៃស្ថាប័នសភា នៃរដ្ឋជាសមាជិកអាស៊ាន ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅរក្សាស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការស្តារសកម្មភាពសង្គម -សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។

សម្តេចបានលើកឡើងទៀតថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ គឺជាការបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសភាក្នុងតំបន់ និងដៃគូសន្ទនា ដើម្បីឆ្លើយតប ឱ្យមានប្រសិទ្ធភាពខ្ពស់ លើបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក។

អន្តរសភាអាស៊ាន ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិក អាស៊ានដែលបានប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់ តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក ឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព។

ប្រទេសជាសមាជិករបស់អាយប៉ា រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងប្រទេសវៀតណាម ៕