សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតលើកទី៤៣ បានអនុញ្ញាតឲ្យ ឯកឧត្តម អាមេដ ប៊ីន មហាមេដ អាល់ចាវណ្ណ (Ahmed Bin Mohamed Aljarwan) ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់អោន និងសន្តិភាព (GCTP) ចូលជួបសម្តែងការគួរសមនៅក្នុងឱកាសដែលឯកឧត្តម បានចូលលរួមមហាសន្និបាអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម អាមេដ ប៊ីន មហាមេដ អាល់ចាវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបានអនុញ្ញាតឱ្យឯកឧត្តមនិងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានជម្រាបសម្តេចអំពីបេសកកម្មរបស់អង្គការលោក ដែលនៅពេលនេះមានសមាជិកចំនួន៩៥ សុទ្ធសឹងជាសភាប្រទេសនានានៅក្នុងសលកលោក។
ឯកឧត្តមបានគូសបញ្ជាក់ពេលខាងមុខអង្គការបស់ឯកឧត្តមនឹងបើកការិយាល័យនៅកម្ពុជា ហើយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជានឹងត្រូវក្លាយជាប្រធាន GCTP នៅក្នុងអាណត្តិ រយៈពេលមួយឆ្នាំ។
ឯកឧត្តម អាមេដ ប៊ីន មហាមេដ អាល់ចាវណ្ណ គោរពស្នើសូមសម្តេចប្រធានរដ្ឋសភាជួយជំរុញកិច្ចសហប្រតិការរវាងអង្គការ GCTP និងស្ថាប័នរដ្ឋសភា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកអោយបានដឹងកាន់ច្រើន ពីវប្បធម៌ និងការស្រឡាញ់សុខសន្តិភាព របស់កម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្ស រីករាយ និងសូមស្វាគមន៍ ឯកឧត្តម អាមេដ ប៊ីន មហាមេដ អាល់ចាវណ្ណ ប្រធានក្រុមប្រឹក្សាសកល ដើម្បី ភាពអត់អោន និងសន្តិភាពនិងសហការី ដែលបានមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា)លើកទី៤៣ នៅកម្ពុជា។ សម្តេចបានគាំទ្របេសកកម្មការងាររបស់ GCTP និងបាន កោតសរសើរ នូវបទអន្តរាគមន៍ របស់ឯកឧត្តម នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃ មហាសន្និបាតអាយប៉ាលើកទី ៤៣នេះ។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចប្រធានរដ្ឋសភា បានឯកភាព នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់របស់សភាអន្តរជាតិ ដើម្បីភាពអត់អោន និងសន្តិសភាពនៅឆ្នាំក្នុងឆ្នាំ២០២៣ខាងមុខ ៕